Saturday, 27 June 2015

គុណសម្បត្តិបីចំនុចរបស់សេចក្តីប្រកាសនៃក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC)



ផែនទីសមុទ្រចិនខាងត្បូង

កិច្ចប្រជុំកំពូលអាស៊ានលើកទី២៦​ដែលបានបញ្ចប់ទៅនាពេលថ្មីៗនេះ​ ក្នុងខែមេសា​ ឆ្នាំ ២០១៥​ នៅទីក្រុងគូទ្បាលំពួរ និងទ្បាំងកាវី ប្រទេសម៉ាទ្បេស៊ី បានបង្ហាញនូវជំហរព្រួយបារម្ភពីការការបូមចាក់បំពេញដីទ្រង់ទ្រាយធំ ដែលចិនកំពុងធ្វើនៅក្នុងតំបន់ប្រជុំកោះស្ព្រាតលី នៃសមុទ្រចិនខាងត្បូង​ ដែលអាចនាំអោយមានភាពថយចុះនៃទំនុកចិត្ត និងការជឿជាក់រវាងអាស៊ាន និងចិន ហើយក៏អាចធ្វើអោយប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៃសមុទ្រចិនខាងត្បូងផងដែរ។ ​បណ្តាមេដឹកនាំ និងអ្នកការទូតអាស៊ានក៏បានកត់សម្គាល់ ផងដែរពីគម្លាតកាន់តែធំទៅៗរវាងកិច្ចខិតខំផ្នែការទូត និងការពិតជាក់ស្តែងដែលកំពុងកើតមានក្នុងតំបន់ជម្លោះនែសមុទ្រចិនខាងត្បូង។​

ទោះជាយ៉ាងណាក៏ដោយអាស៊ាន និងចិនពិតជាមិនអាចមើលរំលងនូវការពិតដែលថា​​ ចាប់តាំងពីមានការចុះហត្ថលេខាលើសេចក្តីប្រកាសនៃក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (Declaration on the Conduct of Parties in the South China Sea ហៅកាត់ថា DOC) នាខែវិច្ឆិកា ឆ្នាំ២០០២ នៅប្រទេសកម្ពុជាមក តំបន់ជម្លោះនែសមុទ្រចិនខាងត្បូងនៅតែជាតំបន់មានសន្តិភាព និងស្ថិរភាព ហើយក៏មិនធ្លាប់មានជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំ រវាងបណ្តាប្រទេសទាមទារអធិប្បតេយ្យទ្បើយ ដែលខុសពីមុនឆ្នាំ ២០០២​គឺធ្លាប់មានការផ្ទុះអាវុធបង្ហូរឈាមរវាងវៀតណាម និងចិន ក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ក្នុងឆ្នាំ ១៩៧៤ និងឧប្បត្តិហេតុផ្ទុះអាវុធផ្សេងៗជាច្រើនលើកទៀតនៅទស្សវត្សឆ្នាំ ១៩៨០។​ ជាងនេះទៅទៀត អាស៊ាន និងចិន រឹតតែពង្រឹង និងពង្រីកបាននូវកិច្ចសហប្រតិបត្តិការ គ្រប់វិស័យជាមួយនឹងគ្នាផងដែរ តាមរយៈការប្រកាសភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន និងចិននៅឆ្នាំ ២០០៦​ ថែមទៀត។ ឯកសារ DOC បានត្រូវចេះហត្ថលេខាតាំងពី១៣​ឆ្នាំមុននេះ​ គឺដោយសារតែភាគីទាំងពី គឺអាស៊ាន និងចិន បានយល់ពីសារៈសំខាន់នៃការថែរក្សាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៃតំបន់នេះ​ ។ លក្ខណៈពិសេសរបស់ DOC គឺវាមានចរិតលក្ខណៈនយោបាយផង និងគតិយុត្តិផង ប៉ុន្តែវាមិនមែនជាឧបករណ៍ផ្លូវច្បាប់សម្រាប់ដោះស្រាយជម្លោះ ដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដីនោះទេ ។ បនែ្ថមពីលើនេះទៀត DOC មានលក្ខណៈពិសេសមួយទៀតគឺ  វាជាស្ពានតភ្ជាប់ដែលសម្របសម្រួល រវាងជំហរពីររបស់ភាគីជម្លោះគឺ ជំហរនៅស្ងៀមមិនធ្វើអ្វីទាំងអស់ ឫជំហរខិតខំអោយមានកិច្ចព្រមព្រៀងមួយដែលភ្ជាប់កាតព្វកិច្ច និងអាចអនុវត្តតាមផ្លូវច្បាប់បាន (legally binding document)
សេចក្តីប្រកាសនៃក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង មានគុណសម្បត្តិធំៗ៣ដូចខាងក្រោមៈ
គុណសម្បត្តិទីមួយ ចាប់តាំងពីឆ្នាំ ២០០២​ មក គេមិនទាន់ឃើញមានការប្រកាសតំបន់កំនត់អត្តសញ្ញាណការពារដែនអាកាស (Air Defence Identification Zone ហៅកាត់ថា ADIZ) ពីសំណាក់ប្រទេសណាមួយនៅក្នុងតំបន់នេះនៅទ្បើយទេ ហើយរហូតមកទល់ពេលនេះ មិនទាន់មានរដ្ឋទាមទារអធិប្បតេយ្យណាមួយ ដែលរួមមាន វៀតណាម ហ្វលីពីន ប្រុយណេ ម៉ាទ្បេស៊ី និងចិនផងដែរ ដែលជាហត្ថលេខីលើឯកសារ DOC ហ៊ានប្រកាសតំបន់  ADIZ លើតំបន់សមុទ្រចិនខាងត្បូងទ្បើយ​ ក្នុងឆ្នាំ ២០១៣​ ចិនបានប្រកាស ADIZ ក្នុងតំបន់សមុទ្រចិនខាងកើត ដែលនាំអោយមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ជាពិសេសគឺអាមេរិក និងបណ្តាប្រទេសដែលនៅជិតខាងចិន មានដូចជា ជប៉ុន កូរ៉េខាងត្បូង និងអាស៊ាន។ បណ្តាប្រទេសទាំងនេះមានការព្រួយបារម្ភថា ចិនអាចនឹងប្រកាសតំបន់ ADIZ លើតំបន់សមុទ្រចិនខាងត្បូងនេះក្នុងពេលណាមួយឆាប់នេះជាមិនខាន ។ ក្តីកង្វល់នេះ គឺដោយសារតែគេមើលឃើញពីសកម្មភាពបូមដីចាក់បំពេញទ្រង់ទ្រាយធំក្នុងបណ្តាតំបន់កោះទឹករាក់នានា ក្នុងប្រជុំកោះប៉ារ៉ាសែល និងប្រជុំកោះស្រ្ពាតលី ក្នុងគោលបំណងដែលអ្នកវិភាគនានាមើលឃើញថាជាការបង្កើតអាកាសយានដ្ឋានយោធា ក៏ដូចជាបម្រើដល់គោលដៅយោធាផ្សេងៗទៀត បើទោះបីជាចិនខ្លួងឯខំប្រកាសថា ទីតាំងទាំងនោះគឺសំរាប់គោលដៅជួយសង្គ្រោះអ្នកនេសាទ ជាកំពង់ផែនេសាទ និងបំរើដល់ការព្យាករណ៍អាកាសធាតុក៏ដោយចុះ។​
ទោះជាយ៉ាងណាក៏ដោយ  ចំនុចទី៣ នៃ សេចក្តីប្រកាសនៃក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (ហៅកាត់ថា DOC) បានចែងយ៉ាងច្បាស់ ដូចខាងក្រោមៈ
“The Parties reaffirm their respect for and commitment to the freedom of navigation in and overflight above the South China Sea as provided for by the universally recognized principles of international law, including the 1982 UN Convention on the Law of the Sea;”
(ដកស្រង់ចេញពីចំនុចទី៣ នែឯកសារDOC)
ខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការថា បណ្តាភាគីទាំងអស់សូមធ្វើការអះ អាងសារជាថ្មីនូវការគោរព និងការប្តេជ្ញាចិត្តចំពោះសេរីភាពនាវាចរណ៍ និងការហោះហើរនៅក្នុងនិងលើតំបន់សមុទ្រចិនខាងត្បូង ដូចដែលមានចែងដោយគោលការណ៍ដែលមានការទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។​
គឺដោយសារតែចំនុចទី៣ របស់ DOC នេះហើយ ដែលរហូតមកទល់ពេលនេះ មិនទាន់មានរដ្ឋទាមទារអធិប្បតេយ្យណាមួយ ដែលរួមមាន វៀតណាម ហ្វលីពីន ប្រុយណេ ម៉ាទ្បេស៊ី និងចិនផងដែរ ដែលជាហត្ថលេខីលើឯកសារ DOC ហ៊ានប្រកាសតំបន់  ADIZ លើតំបន់សមុទ្រចិនខាងត្បូងទ្បើយ។​​ នេះគឺជាការគុណសម្បត្តិដ៏ធំមួយរបស់ DOC ក្នុងការរក្សាបាននូវសេរីភាពនាវាចរណ៍ និងការហោះហើរ នៅក្នុង និងលើដែនអាកាសនៃតំបន់សមុទ្រចិនខាងត្បូង។​ ដប់ឆ្នាំក្រោយពីការចុះហត្ថលេខាលើឯកសារ DOC  គឺនៅឆ្នាំ ២០១២ នៅពេលដែលកម្ពុជាបានធ្វើជាប្រធានអាស៊ានជាលើកទីពីរ មេដឹកនាំអាស៊ាន និងចិនបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពីខួបលើកទី១០ របស់​​ DOC (Joint Statement on the 10th Anniversary of DOC) ដែលអះអាងសារជាថ្មីពីសារៈសំខាន់​ និងប្រសិទ្វភាពរបស់ DOC ដែលរួមចំណែកបានជាកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងសំខាន់របស់អាស៊ាន ក្នុងការដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ការប្រើពាក្យពេចន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ គឺមានលក្ខណៈស្រាលជាង DOC។​
តើតំបន់​ ADIZ​ គឺជាអ្វី ? ហើយគេបង្កើតទ្បើងដើម្បីអ្វី? តំបន់ ADIZ​ គឺជាតំបន់ដែលត្រូវបានកំនត់ខ័ណ្ឌសីមាថាជា តំបន់ការពារដែនអាកាសពិសេសមួយ ដែលទៅហួសពីព្រំដែនប្រទេសជាផ្លូវការ ទៅតាមការកំនត់ជាឯកតោភាគីរបស់ប្រទេសនោះ តាមរយៈការប្រកាសជាសាធារណៈ ដែលក្នុងនោះយន្តហោះដែលមិនទាន់បានកំនត់អត្តសញ្ញាណ គឺចាំបាច់ត្រូវស្ថិតក្រោមការស៊ើបអង្កេត និង ប្រសិនបើចាំបាច់ត្រូវរាំងស្កាត់ក្នុងគោលបំណងកំនត់អត្តសញ្ញាណ​ និងចង់ដឹងពីគោលដៅរបស់យន្តហោះនោះ មុនពេលហោះចូលក្នុងដែនអាកាសអធិប្បតេយ្យរបស់រដ្ឋកំនត់ ADIZ ។​ ចិនមិនមែនជាប្រទេសទីមួយ ដែលបានប្រកាសតំបន់ ​ ADIZ​ នោះទេ។​ តាមពិត សហរដ្ឋអាមេរិកបានប្រកាស តំបន់ ​ ADIZ ដំបូងគេបំផុត ក្នុងគោលបំណងកាត់បន្ថយហានិភ័យ ដែលសហភាពសូវៀតអាចនឹងធ្វើការវាយប្រហាររហ័ស និងភ្លាមៗមកលើទឹកដីអាមេរិក ក្នុងសម័យសង្គ្រាមត្រជាក់។​ បច្ចុប្បន្ននេះ អាមេរិកមានតំបន់ ADIZ​ ចំនួន៥ (តំបន់ឆ្នេរខាងកើត តំបន់ឆ្នេរខាងលិច រដ្ឋអាទ្បាស្ការ កោះហាវ៉ៃ និងកោះហ្គោម) និងមានតំបន់ ADIZ​ ចំនួនពីរទៀត ដែលអាមេរិកគ្រប់គ្រងរួមគ្នាជាមួយកាណាដា។​ សូម្បីតែប្រទេសជិតខាងរបស់ចិន ដូចជាកូរ៉េខាងត្បូង និងជប៉ុន ក៏មានតំបន់​​ ADIZ របស់ខ្លួនដែរ។​ ដូច្នេះ គ្មានអ្វីចម្លែកទេ​ ដែលចិនបានប្រកាសតំបន់ ADIZ​ នៅក្នុងតំបន់សមុទ្រចិនខាងកើត នៅចុងឆ្នាំ២០១៣នោះ។​
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទាំងទ្បាយ មានការព្រួយបារម្ភ និងបានមើលឃើញរួចទៅហើយថា  ចិនបានបង្កើតតំបន់ ADIZ​ ក្នុងលក្ខណៈ de facto នៅក្នុងតំបន់សមុទ្រចិនខាង​ត្បូង រួចទៅហើយ ទោះជាមិនទាន់មានការប្រកាសជាផ្លូវការពីសំណាក់ភាគីចិនក៏ដោយចុះ។​ ឧទាហរណ៍ជាក់ស្តែងគឺនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥ នាវាទ័ពជើងទឹកចិនបានធ្វើការព្រមានជាច្រើនដងដល់យន្តហោះសើបការណ៍ P-8A Poseidon របស់អាមេរិក ដែលបានហោះមកសង្កេតការណ៍ក្បែរ កោះទឹករាក់ Mischief Reef ដែលចិនអះអាងថាជាតំបន់​ Military Alert Zone និងស្ថិតក្រោមដែនអធិបតេយ្យភាពរបស់ខ្លួន។​ ជារួម អ្នកវិភាគនានាបានលើកទ្បើងថា សារៈសំខាន់ និងប្រសិទ្ធភាពនៃឯកសារ DOC អាចនឹងធ្លាក់ចុះ ដោយសារតែសកម្មភាពបូមចាក់បំពេញទ្រង់ទ្រាយធំជាច្រើន ក្នុងប្រជុំកោះស្ព្រាតលី​ និងសកម្មភាពវាតទីកាន់ខ្លាំងរបស់ចិន (China’s incremental assertiveness) ក្នុងសមុទ្រចិនខាងត្បូង។​ ដូច្នេះ មានតែអាស៊ានខិតខំបង្កើនកិច្ចខិតខំផ្នែកការទូតរបស់ខ្លួនអោយកាន់តែខ្លាំងប៉ុណ្ណោះ តាមរយៈការចរចារក្នុងក្របខ័ណ្ឌ DOC ដែលមានដូចជា កិច្ចប្រជុំក្រុមការងាររួមស្តីពីការអនុវត្ត DOC (Joint Working Group on the Implementation of DOC) និងកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន-ចិននានា ដែលពាក់ព័ន្ធនឹង  DOC ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីការអនុវត្ត DOC ទើបអាចរក្សានូវ សារៈសំខាន់ និងប្រសិទ្ធភាពនៃឯកសារ DOC បានក្នុងពេលបច្ចុប្បន្ន​ និងអនាគត។
ទីពីរ គុណសម្បត្តិធំទីពីររបស់​​ DOC គឺ​​ អាស៊ាន​ និងចិនកំពុងតែធ្វើការចរចារ ដើម្បីសម្រេចបាននូវ​​ក្រមប្រតិបត្តិនៃភាគីទាំងអស់ក្នុងសមុទ្រចិនខាងត្បូង​ (Code of Conduct of Parties in South China Sea ដែលហៅកាត់ថា COC) ដែលពិតណាស់ គឺការចរចារនេះស្ថិតក្រោមក្របខ័ណ្ឌ DOC ហើយក៏ជាគោលដៅកំពូលរបស់របស់ឯកសារនេះផងដែរ។​ ទោះបីជា​ DOC​ នៅមានចំនុចខ្វះខាតច្រើន ហើយប្រទេសសមាជិកអាស៊ានអាចមានជំហរខុសៗគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែដំណើរការ COC គឺបានប្រសូតចេញពី​ការព្រមព្រៀងគ្នារវាងអាស៊ាន និងចិនក្នុងឆ្នាំ ២០០២​ នៅទីក្រុងភ្នំពេញ​ ក្នុងការដាក់ចេញនូវ​គោលដៅរយៈពេលវែងដើម្បីសម្រេចបាននូវ COC ដោយផ្អែកលើគោលការណ៍កុងសង់ស៊ុស។​ ទោះបីជាប្រទេសសមាជិកអាស៊ាន មានជំហរខុសៗគ្នាក៏ដោយ ប៉ុន្តែអាស៊ានមានជំហររួមគ្នាមួយគឺដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងដោយសន្តិវិធី​។​ ចំពោះបញ្ហាសេរីភាពនាវាចរណ៍វិញ គឺពាក់ព័ន្ធនឹងប្រទេសទាំងអស់ និងគ្រប់ភាគី មិនមែនត្រឹមតែប្រទេសទាមទារអធិប្បតេយ្យប៉ុណ្ណោះទេ។​ ដូច្នេះ COC គួរមានសមាសធាតុសំខាន់មួយ គឹការធានាអោយបានថារាល់ភាគីទាមទារអធិប្បតេយ្យទាំងអស់ មិនត្រូវ ប្រកាស ADIZ នៅលើសមុទ្រចិនខាងត្បូង ទ្បើយ។
ទោះជាយ៉ាងណាក៏ដោយ ការចរចារដើម្បីសម្រេចបាននូវ​ COC​ គឺត្រូវការរយៈពេលវែង ជាងការរំពឹងទុក ព្រោះឯកសារនេះអាចពាក់ព័ន្ធនឹងក្របខ័ណ្ឌគតិយុត្ត   ច្រើន។ ដូច្នេះហើយ ទើបអាស៊ានតែងទាមទារអោយមានការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធិភាពនូវឯកសារ DOC ដែលមានការឯកភាពគ្នារវាងអាស៊ាន និងចិនតាមរយៈការចុះហត្ថលេខាជាយូរយកហើយ។  រដ្ឋជាសមាជិកអាស៊ាន និងប្រទេសចិនបានចុះហត្ថលេខាលើឯកសារ DOC ដែលមាននៅក្នុងខែវិច្ឆិកាឆ្នាំ 2002 នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្នុងការចរចាយូរអស់ពេលជាច្រើនឆ្នាំ។ នៅក្នុងទស្សនៈរបស់អ្នកវិភាគជាច្រើន ឯកសារ DOC នៅតែមានជាសារៈសំខាន់ជាសារវន្តក្នុងការសម្របសម្រួលរវាងជំហរពីរគឺ ជំហរនៅស្ងៀមមិនធ្វើអ្វីទាំងអស់ ឫជំហរខិតខំអោយមានកិច្ចព្រមព្រៀងមួយដែលអាចអនុវត្តតាមផ្លូវច្បាប់ (legally binding document) ។ ឯកសារ DOC បានបង្ហាញយ៉ាងច្បាស់នូវគោលបំណងចំនួនបួនគឺ: ការលើកកម្ពស់វិធានការកសាងទំនុកចិត្ត, ការដោះស្រាយជម្លោះដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងសមុទ្រចិនខាងត្បូង និងការដាក់ចេញនូវគោលដៅដើម្បីសម្រេចបានជាផ្លូវការនូវ COC ក្នុងរយៈពេលវែង (eventual conclusion of COC)
ទម្រាំតែសម្រេចបាននូវការចុះហត្ថលេខាលើ DOC នេះ ការចរចារវាងអាស៊ាន និងចិន បានប្រព្រឹត្តទៅអស់ច្រើនឆ្នាំមកហើយ។ ទើបតែនៅឆ្នាំ ២០០២ ទេ ដែលក្រោមកិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជា ទើបនាំអោយមានការចុះហត្ថលេខារវាងអាស៊ាន និងចិនលើឯកសារដ៏សំខាន់ និងជាប្រវត្តិសាស្រ្តនេះ។ តាមរយៈកិច្ចចរចារនានាក្នុងឆ្នាំនោះ ភាគីនានាបានបង្កើត ឬបានព្រមព្រៀងគ្នាជាចំហលើគោលការណ៍ និងបទដ្ឋានមួយចំនួនសម្រាប់ការគ្រប់គ្រងជម្លោះនៅសមុទ្រចិនខាងត្បូង។ គោលការណ៍ទាំងនេះត្រូវបានបង្ហាញក្នុងឯកសារ DOC​ ដូចជាភាគីទាំងអស់គោរពទៅតាមគោលការណ៍ នៃការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការពិគ្រោះយោបល់ និងការចរចារ ប្រកបដោយមិត្តភាពរវាងភាគីដែលពាក់ព័ន្ធដោយផ្ទាល់​ និងប្រកាន់ជំហអត់ធ្មត់ខន្តី  យល់ព្រមគោរពតាម UNCLOS និងច្បាប់អន្តរជាតិដែលពាក់ព័ន្ធក្នុងការដោះស្រាយជម្លោះ និងព្រមព្រៀងគ្នាគោរពសេរីភាពនាវាចរណ៍ និងសេរីភាពនៃការហោះហើរលើសមុទ្រចិនខាងត្បូង និងប្តេជ្ញាចិត្តក្នុងការសែ្វងរកវិធានការនានាក្នុងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ជាដើម។​
ចាប់ពី​ចុង​ឆ្នាំ 201​​1 ដល់​ពាក់​ក​ណ្តា​ល​ឆ្នាំ 201​​2 ក្រុម​ម​ន្រ្តី​ជាន់​ខ្ពស់​អាស៊ាន​បាន​ធ្វើ​ការចរចារ​នៅ​លើ​សេចក្តី​ព្រាង COC ​ដោយ​បាន​គូស​បញ្ជាក់​ពីសមាស​ធាតុ​ដ៏​សំខាន់ៗ​​នៃ COC នា​ពេល​អនាគត​។ ខណៈ​ពេល​នោះ ប្រទេស​ជា​សមាជិក​អាស៊ាន​ធ្វើ​ការ​នៅ​លើ​សេចក្តី​ព្រាង COC ​​នេះ ​ដោយ​គ្មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​ទេ ហើយ​ភាគី​ចិនពិត​ជាមិន​សប្បាយ​ចិត្ត​អំពី​​ដំណើរការចរចារ COC​ នេះផងដែរ​។ ​​នៅ​ខែ​កក្កដា​ឆ្នាំ 201​​2 ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​   អាស៊ាននៅ​ទីក្រុង​ភ្នំពេញ ​នៅ​ពេល​ដែល​អាស៊ាន​បាន​ធ្វើ​បទ​បង្ហាញ​ឯកសារ​ដែល​មាន​ធាតុ​ដ៏​សំខាន់​មួយ​នៃ COC ទៅ​កាន់​ប្រទេស​ចិន​នោះ ​​ចិន​បាន​ស​ម្តែ​ង​នូវ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ជាមួយ​អាស៊ាន​ ដើម្បី​ចាប់​ផ្តើ​ម​ដំណើរ​ការចរចារ COC នេះ​។ ចំនុចនោះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងការទូតជាថ្មីម្តងទៀតរបស់កម្ពុជា ដែលជាប្រធានអាស៊ាននាពេលនោះ ដើម្បីជំរុញដំណើរការចរចារ COC អោយឆាប់បានសម្រេចជោគជ័យនៅពេលអនាគត។​
នៅ​ថ្ងៃទី 15 ខែកញ្ញា​ឆ្នាំ 201​​3 កិច្ចប្រជុំ​ឧត្តមម​ន្រ្តី​​​អាស៊ាន-ចិន​ជា​លើក​ដំបូង​ស្តី​ពី COC ត្រូវ​បាន​ធ្វើទ្បើងក្នុងទី​ក្រុង Suzhou ប្រទេសចិន ។ ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​គ្នា​ ក្នុង​ការ​ចាប់​ផ្តើ​ម​ដំណើរ​ការ​ចរចា​ COC ជាផ្លូវការ ដោយផ្អែកលើគោលការណ៍កុងសង់ស៊ុស ​និងវិ​ធី​សា​ស្រ្ត​​ទៅមុខជាជំហានៗ (step by step approach)
ទីបី​  គុណសម្បត្តិធំទី​៣​ របស់ឯកសារ DOC គឺការជួយរក្សាបាននូវស្ថិរភាព និងសន្តិភាពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការបង្ហាញពីឆន្ទៈនយោបាយដ៏ល្អរបស់គ្រប់ភាគីទាំងអស់DOC បម្រើការជាវេទិកាមួយសម្រាប់ភាគីមានជម្លោះទាំងអស់ ក្នុងការទំនាក់ទំនងនិង ផ្លាស់ប្តូរទស្សនៈទៅវិញទៅមក ដែលមានគោលដៅបង្កើនទំនុកចិត្ត និងការេយោគយល់គ្នាទៅវិញទៅមក​ ដូច្នេះរួមចំណែកដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ ។ យ៉ាងហោចណាស់  DOC  បានបម្រើជាជំហរខន្តីដែលប្រកបដោយសីលធម៌ របស់រដ្ឋទាមទារអធិប្បតេយ្យ ទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូង​ នៅពេលមានសភាពការណ៍ប្រឈមមុខគ្នាកើតទ្បើងក្នុងតំបន់មានជម្លោះ។ ចាប់តាំងពី DOC បានត្រូវចុះហត្ថលេខានៅឆ្នាំ ២០០២​មក គេសង្កេតឃើញថា មិនទាន់មានជម្លោះបង្ហូរឈាមទ្រង់ទ្រាយធំរវាងរដ្ឋទាមទារអធិប្បតេយ្យទៀតទេ។​ ផ្ទុយស្រទ្បះពីមុនឆ្នាំ ២០០២ គឺធ្លាប់មានការប៉ះទង្គិចប្រដាប់អាវុធទ្រង់ទ្រាយធំរវាងចិន និងវៀតណាមក្នុងឆ្នាំ ១៩៧៤ នៅប្រជុំកោះប៉ារ៉ាសែល និងការប្រទូស្តរ៉ាយមួយចំនួនទៀតក្នុងទស្សវត្សឆ្នាំ ១៩៨០ នៅប្រជំុកោះស្ព្រាតលី។ ចាប់ពីឆ្នាំ ២០០២ មក ទោះបីជាមានការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូច និងកំរិតស្រាលមួយចំនួនក៏ដោយ រដ្ឋទាមទារអធិប្បតេយ្យហាក់ដូចជាមានឆន្ទៈក្នុងការធ្វើការជាមួយគ្នាដោយសន្តិវិធី ដើម្បីគ្រប់គ្រងជម្លោះនេះ។​​

ដូច្នេះ DOC ពិតជាបានជួយបង្កើតអោយមានកិច្ចសន្ទនាបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចិន តាមរយៈវេទិកាបែបការទូតរបស់អាស៊ានមួយចំនួន​ មានដូចជាកិច្ចប្របជុំក្រុមការងាររួមអាស៊ាន-ចិនស្តីពីការអនុវត្ត DOC (ASEAN-China Joint Working Group on the Implementation of DOC) និងកិច្ចប្របជុំឧត្តមមន្រ្តីអាស៊ានចិន​ស្តីពីការអនុវត្ត DOC(ASEAN-China Senior Officials’ Consultation on the Implementation of DOC) ដែលដើរតួជាជាមធ្យោបាយទប់ស្កាត់មិនអោយមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ ក្នុងជម្លោះសមុទ្រចិនខាងត្បូង ក៏ដូចជាជួយកាត់បន្ថយភាពតានតឹងរវាងភាគីជម្លោះផងដែរ។  នេះជាការរួមចំណែកមួយយ៉ាងធំរបស់ DOC នៅក្នុងការរក្សាស្ថិរភាព និងសន្តិភាព ក្នុងតំបន់ និងជាស្នាដៃដ៏ធំរបស់កម្ពុជាក្នុងឆ្នាំ២០០២ ដែលខិតខំជម្រុញអោយមាការចុះហត្ថលេខារវាងអាស៊ាន និងចិន លើឯកសារដ៏សំខាន់នេះ ។​

ស្នាដៃនិពន្ធផ្សៀងទៀតៈ


1. "Cambodia's Foreign Policy Grand Strategy" (11 September 2014)

Please click here to view this article on the Diplomat's Website 


2. "Cambodia: Challenges of Democratic Consolidation" (3 March 2014)


Please click here to view this article on The Diplomat's Website. 


3. "ASEAN: Between China and America". East Asia Forum (12 July 2013). 

Please click here to read the article on East Asia Forum's website.


4.  "A Job Well Done: Cambodia as ASEAN Chair in 2012". East Asia Forum (19 January 2013). 


No comments:

Post a Comment