Wednesday, 20 May 2015

កម្ពុជាជាប្រធានអាស៊ាន ក្នុងឆ្នាំ​២០១២ និងសមិទ្ធិផលសំរេចបាន





បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាផ្នែកមួយនៃចំណងជើងកាសែត និងទស្សនាវដ្តីល្បីៗ ទូទាំងពិភពលោកជាញឹកញាប់ក្នុងឆ្នាំ២០១២ ប៉ុន្តែតាមពិតទៅ នៅមានបញ្ហាជាអាទិភាពជាច្រើនទៀតសម្រាប់កម្ពុជា ដែលជាប្រធានប្តូវេនរបស់អាស៊ាន ដែលក្នុងនោះកម្ពុជាបានដោះស្រាយដោយជោគជ័យ ហើយគេមិនគួរមើលរំលងសមិទ្ធិផលទាំងអស់នោះ​ទ្បើយ។

     ភាពគួរឲជឿជាក់ និងសាមគ្គីភាពអាស៊ាន មានភាពកាន់តែប្រសើរឡើង បន្ទាប់ពីប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកលើកទី៤ ហើយកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ដែលមានវត្តមានរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​ មកចូលរួមផងដែរនោះ។ នេះបានបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែបន្តដើរតួនាទីកាន់តែធំ ក្នុងតំបន់អាស៊ីបូព៌ាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាការពិត ឆ្នាំ២០១២ ជាឆ្នាំដ៏លំបាកបំផុតសម្រាប់អាស៊ាន ហើយក៏សម្រាប់ប្រទេសកម្ពុជាដែលជាប្រធានអាស៊ានផងដែរ។ អាស៊ានបានជួបប្រទះជាមួយនឹងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយថ្មី នោះគឺការងើបទ្បើងរបស់មហាយក្សចិន​ និងការប្រណាំងប្រជែងរវាងចិន និងសហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក។ ឧប្បត្តិហេតុថ្មីៗ និងបញ្ហាក្នុងតំបន់ជាច្រើន បានកើតឡើងផ្ទួនៗគ្នា ដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងជម្លោះទឹកដីដទៃទៀតរវាងចិន និងជប៉ុន និងរវាងកូរ៉េខាងត្បូង និងជប៉ុន។ នៅក្នុងឆ្នាំ២០១១ អាមេរិកបានប្រកាសពីគោលនយោបាយយុទ្ធសាស្ត្រ ដំណើរឆ្ពោះទៅតំបន់អាស៊ី (pivot to Asia)” ថ្មីរបស់ខ្លួន ដែលបង្ហាញពីការធ្វើឲមានតុល្យភាពឡើងវិញនូវឥទ្ធិលពលនយោបាយ និងយោធារបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
 អ្នកវិភាគជាច្រើន បានមើលឃើញថាការប្រកាសចេញនូវគោលនយោបាយថ្មីរបស់អាមេរិក គឺដើម្បីធ្វើឲមានតុល្យភាពក្នុងការទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់។ លើផ្នែកសេដ្ឋកិច្ចវិញ កំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅសហរដ្ឋអាមេរិក និងវិបត្តិបំណុលនៅអឺរ៉ុបបាននាំឲមានភាពមិនប្រាកដប្រជា នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់ និងពិភពលោក។ បច្ច័យទាំងនេះហើយ ដែលនាំឲអាស៊ានត្រូវប្រឈមមុខដោះស្រាយបញ្ហាទាំងអស់នេះ អោយមានប្រសិទ្ធិភាព។ ដូច្នេះ ប្រធានអាស៊ានមានតួនាទីមួយធ្វើយ៉ាងណា ដើម្បីរក្សាសាមគ្គីភាពអាស៊ាននិងតួនាទីស្នូលរបស់ខ្លួននៅក្នុងបរិបទនោះ។
សមិទ្ធិផលរបស់ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១២ គឺមានច្រើនជាងការរំពឹងទុក រួមមានដូចជា ការអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិមនុស្ស ដែលគេរង់ចាំជាយូរមកហើយ, ផែនការសកម្មភាពកិច្ចព្រមព្រៀងកោះបាលីទី៣ (2013-2017) ដែលដាក់ចេញនូវក្របខ័ណ្ឌរួមរបស់អាស៊ាន ក្នុងការទំនាក់ទំនងខាងទៅភាគីពាក់ព័ន្ធខាងក្រៅតំបន់ ការរៀបចំធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដោយជោគជ័យនៃកិច្ចសន្ទនាអាស៊ានជាសកល (ASEAN Global Dialogue) ជាលើកដំបូង ក្នុងឪកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ការឯកភាពអោយមានការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន (ASEAN Regional Mine Actions Centre - ARMAC)  នៅក្នុងប្រទេសកម្ពុជា ការអនុម័តសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីខួបលើកទី១០នៃសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង និងការដាក់ឲចាប់ផ្តើមជាផ្លូវការនៃការចរចារលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Regional Comprehensive Economic Partnership – RCEP) រវាងអាស៊ាននិងចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលី និងនូវែលសេឡង់។ល។​ ទាំងអស់នេះជាសមិទ្ធិផលដ៏សំខាន់របស់កម្ពុជាក្នុងឆ្នាំ២០១២ ដែលបានធ្វើឱ្យអាស៊ានផ្តោតសកម្មភាពកាន់តែច្រើននិង តម្រង់ទិសទៅរកការកសាងសហគមន៍អាស៊ានឲបានជោគជ័យនៅចុងឆ្នាំ២០១៥ និងការធ្វើសមា ហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឲបានកាន់តែលឿនបន្ថែមទៀត។

 ចំពោះសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវិញ កម្ពុជាខិតខំធ្វើឲសម្រេចនូវការចូលជាភាគីរបស់ចក្រភពអង់គ្លេស ប្រេស៊ីល​ និងសហភាពអឺរ៉ុប ដែលជាអង្គការតំបន់ដំបូងគេ ដែលបានចូលជាភាគីទៅនៃសន្ធិសញ្ញាដ៏សំខាន់នេះរបស់អាស៊ាន។ ស្នាដៃទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីបង្ហាញទៅកាន់ពិភពលោកថាអាស៊ាននៅតែដើរទៅមុខជានិច្ចជាមួយនឹងសមិទ្ធិផលដ៏សំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ បើទោះបីជាអាស៊ានមានបញ្ហាប្រឈមទាំងក្នុង និងខាងក្រៅដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាដែលជាប្រធានអាស៊ានជាលើកដំបូងក្នុងឆ្នាំ២០០២ បានធ្វើកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងខ្លាំង ក្នុងការសម្រេចបានជោគជ័យឲមានការចុះហត្ថលេខារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិនស្តីពីសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (ហៅកាត់ថា DOC) ដែលមានចរិតនយោបាយ និងគតិយុត្តិ និងដាក់ចេញនូវក្របខ័ណ្ឌសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី និងធ្វើការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្រេចបាននូវក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (Code of Conduct in the South China Sea ដែលគេហៅកាត់ថា COC)​ ថែមទៀត ។ បន្ថែមពីលើនេះទៀត នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកទីពីរក្នុងឆ្នាំ២០១២​ សេចក្តីថ្លែងការណ៍រួមស្តីពីខួបលើកទី១០ នៃសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង បានត្រូវអនុម័តដោយថ្នាក់ដឹកនាំ អាស៊ាន និងចិន ដែលបានអះអាងសារជាថ្មីពីសារៈសំខាន់របស់ DOC ហើយក៏បានអំពាវនាវឱ្យភាគីដែលពាក់ព័ន្ធឱ្យបញ្ឈប់សកម្មភាពនានា ដែលនាំឲមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ ទាំងនេះគឺជាសម្ធិទ្វិផលសំខាន់ ដែលគេមិនគួរមើលរំលងបានទ្បើយ ដែលបង្ហាញពីការចូលរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងអាស៊ាន និងតំបន់អាស៊ីបូព៌ា។

បន្ទាប់ពីវិបត្តិការទូតនាខែកក្កដាឆ្នាំ២០១២ ប្រការដែលគេកត់សម្គាល់នោះគឺថា មេដឹកនាំអាស៊ានទាំងអស់បានមកភ្នំពេញ ដើម្បីមកចូលរួចកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដើម្បីបង្ហាញទៅកាន់ពិភពលោកពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាបាននូវឯកភាពអាស៊ាន និងតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់។ កម្ពុជាពិតជាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឱ្យបាននូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន និងដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងភាគីពាក់ព័ន្ធខាងក្រៅ ដូចមានចែងក្នុងមាត្រាទី៣២ នៃធម្មនុញ្ញអាស៊ាន។
 ទោះជាយ៉ាងណាក៏ដោយ នៅមានចំនុចខ្វះខាតមួយចំនួន ប៉ុន្តែចំនុចទាំងនេះមិនយកមកប្រៀបបាននឹងស្នាដៃធំៗ ដែលកម្ពុជាសម្រេចបានទ្បើយ។  អ្នករិះគន់មួយចំនួនបានចោទប្រកាន់កម្ពុជាថា មានភាពលំអៀងទៅរកចិន ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីការខកខានមិនអាចចេញនូវសេចក្តីថ្លែងការណ៍រួម (Joint Communiqué) របស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅក្នុងខែកក្កដា ឆ្នាំ២០១២។ មន្ត្រីការទូតកម្ពុជាបានអះអាងថា បញ្ហានេះកើតទ្បើងដោយសារតែមិនមានកុងសង់ស៊ុសក្នុងចំណោមសមាជិកអាស៊ាន ជាពិសេសគឺរដ្ឋទាមទារអធិប្បតេយ្យ ដែលក្នុងនោះវៀតណាម និងហ្វីលីពីន បានទាមទារឱ្យបញ្ចូលបញ្ហាដ៏ចម្រូងចម្រាសនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone - EEZ) និងថ្មប៉ប្រះទឹក Scarborough Shoal នៅសមុទ្រចិនខាងត្បូង ទៅក្នុងកថាខណ្ឌមួយ នៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម។
ទោះជាយ៉ាងណាក៏ដោយ ដោយមានការជួយជ្រោមជ្រែងផ្នែកការទូតរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាលើគោលការណ៍ប្រាំចំណុចរបស់អាស៊ានស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ដែលបានចេញផ្សាយនៅភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ដែលបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែមានការរួបរួមគ្នាលើបញ្ហាដ៏ចម្រូងចម្រាសបំផុត។ មន្ត្រីការទូតកម្ពុជាបានអះអាងថា ខ្លឹមសារនៃគោលការណ៍ប្រាំមួយចំណុចនេះ គឺពិតជាដូចគ្នានឹងសំណើររបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ ប៉ុន្តែវាបានត្រូវច្រានចោលដោយ​ វៀតណាម និងហ្វីលីពីន។

កម្ពុជាពិតជាបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឱ្យបាននូវសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន និងថែមទាំងការពារផលប្រយោជន៍របស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសមហាអំណាចក្នុងតំបន់ទៀតផង ព្រោះមន្រ្តីការទូតជាន់ខ្ពស់របស់កម្ពុជាបានបង្ហាញពីក្តីបារម្ភថា បើសិនជាមានការឯកភាពលើសំណើវៀតណាម និងហ្វលីពីន មែននោះ ចិនអាចនឹងខឹងសម្បារ ហើយផ្អាកកិច្ចសហប្រតិបត្តិការទាំងអស់ជាមួយអាស៊ាន។ បើយោងតាមធម្មនុញ្ញអាស៊ាន ប្រធានអាស៊ាន និងប្រទេសសមាជិកត្រូវប្រកាន់ភ្ជាប់នូវ ASEAN Way ក្នុងការសម្រេចចិត្ត ដោយផ្អែកលើគោលការណ៍ការពិគ្រោះយោបល់ និងកុងសង់ស៊ុស។ ទាំង​DOC និងសេចក្តីថ្លែងការណ៍រួមស្តីពីខួបលើកទី 10 របស់ DOC ពិតជាបានជួយដោះស្រាយជម្លោះដោយសន្តិវិធី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្ធូរបន្ថយ​ភាពតានតឹងនៅក្នុងតំបន់នេះ។​


ស្នាដៃនិពន្ធផ្សៀងទៀតៈ


1. "Cambodia's Foreign Policy Grand Strategy" (11 September 2014)

Please click here to view this article on the Diplomat's Website 


2. "Cambodia: Challenges of Democratic Consolidation" (3 March 2014)


Please click here to view this article on The Diplomat's Website. 


3. "ASEAN: Between China and America". East Asia Forum (12 July 2013). 

Please click here to read the article on East Asia Forum's website.


4.  "A Job Well Done: Cambodia as ASEAN Chair in 2012". East Asia Forum (19 January 2013). 


Please click here view this article at East Asia Forum's website.

No comments:

Post a Comment